loader image
សេវាកម្ម

មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ

មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដែលផ្តល់សេវាកម្មពិសោធន៍វេជ្ជសាស្ត្រយ៉ាងទូលំទូលាយ។

ប្រព័ន្ធគ្រប់គ្រងគុណភាព

ការប្តេជ្ញាចិត្តរបស់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រក្នុងការលើកកម្ពស់គុណភាព

មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រយើងខ្ញុំប្តេជ្ញាផ្តល់សេវាកម្មពិសោធន៍វេជ្ជសាស្ត្រដែលអាចទុកចិត្តបាន ត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីធានាបាននូវការពេញចិត្តរបស់អតិថិជនទាំងអស់ រួមទាំងអ្នកជំងឺ និង អ្នកផ្តល់សេវាសុខាភិបាល។

មន្ទីរពិសោធន៍យើងខ្ញុំត្រូវបានដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព (QMS) ដ៏ទូលំទូលាយដើម្បីធានា៖

  • ការអនុលោមតាមស្តង់ដារអន្តរជាតិ ISO 15189:2022 ដែលកំណត់គុណភាព និងសមត្ថភាព សម្រាប់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ
  • ការប្រើប្រាស់វិធីសាស្រ្តតេស្តមន្ទីរពិសោធន៍ ដែលមានសុពលភាព និងបច្ចេកវិទ្យាសមស្រប;
  • ការអនុវត្តមន្ទីរពិសោធន៍ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌;
  • ការបន្តកែលម្អគុណភាព​ និងប្រសិទ្ធភាពការងារក្នុងមន្ទីរពិសោធន៍;
  • ការលើកកម្ពស់សមត្ថភាព ការបណ្តុះបណ្តាល និងការចូលរួមរបស់បុគ្គលិកមន្ទីរពិសោធន៍គ្រប់រូប;
  • ការថែរក្សាបរិយាកាសការងារដែលមានសុវត្ថិភាព មានរបៀបរៀបរយ និងផ្តោតលើគុណភាព។

ប្រព័ន្ធគ្រប់គ្រងគុណភាពនេះ​ត្រូវបានអនុវត្តគ្រប់សកម្មភាពទាំងអស់ក្នុងមន្ទីរពិសោធន៍ រួមមានដំណាក់កាលមុនវិភាគ អំឡុងពេលវិភាគ និងក្រោយវិភាគ។

ការទទួលស្គាល់គុណភាព និងការប្រើប្រាស់និមិត្តសញ្ញាទទួលស្គាល់គុណភាព

មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រយើងខ្ញុំបានទទួលនូវការទទួលស្គាល់គុណភាពពីគណៈកម្មាធិការទទួលស្គាល់គុណភាពមកពីប្រទេសបារាំង (COFRAC) ស្របតាមតម្រូវការនៃស្តង់ដារអន្តរជាតិ ISO 15189:2012  (ចាប់តាំងពីឆ្នាំ 2018) និង ISO 15189:2022 (ចាប់តាំងពីឆ្នាំ 2024) ។ សម្រាប់ការធ្វើតេស្តដែលស្ថិតក្នុងវិសាលភាពទទួលស្គាល់គុណភាព។

សម្រាប់ព័ត៌មានបន្ថែមទៅលើតេស្តមន្ទីរពិសោធន៍ដែលស្ថិតក្នុងវិសាលភាពទទួលស្គាល់គុណភាព សូមចូលទៅកាន់គេហទំព័រ COFRAC៖

និមិត្តសញ្ញា​ទទួលស្គាល់គុណភាពរបស់ COFRAC ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែនៅលើរបាយការណ៍លទ្ធផលដែលចេញដោយ​មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតែប៉ុណ្ណោះ ។ ការប្រើប្រាស់នេះត្រូវបានធ្វើឡើងសម្រាប់តែតេស្តមន្ទីរពិសោធន៍ដែលស្ថិតក្នុងវិសាលភាពទទួលស្គាល់គុណភាពរបស់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រយើងខ្ញុំ ដោយអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការរបស់ COFRAC។

អតិថិជន និងអង្គភាពខាងក្រៅ មិនត្រូវបានអនុញ្ញាតឱ្យ៖

  • ប្រើប្រាស់និមិត្តសញ្ញាទទួលស្គាល់គុណភាពរបស់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រក្នុងរូបភាពណាមួយឡើយ
  • អះអាង ឬបង្ហាញថាខ្លួនទទួលបានការទទួលស្គាល់គុណភាព ISO 15189:2022 តាមរយៈទំនាក់ទំនងណាមួយជាមួយមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ;
  • បង្កឱ្យមានការយល់ច្រឡំថា សេវាកម្ម សកម្មភាព ឬផលិតផល (ឧទាហរណ៍​ របាយការណ៍ផ្សេងៗ) របស់ខ្លួន បានទទួលការទទួលស្គាល់គុណភាព ពី COFRAC។

ប្រសិនបើមានការប្រើប្រាស់និមិត្តសញ្ញាទទួលស្គាល់គុណភាពពី COFRAC ​ខុសក្នុងទម្រង់ណាមួយ យើងខ្ញុំស្នើសុំអោយមានការកែតម្រូវជាបន្ទាន់​ និងរាយការណ៍មកកាន់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រយើងខ្ញុំ​ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។